គ្លីនិករ៉ាក់ជាមជ្ឈមណ្ឌលសុខភាពដែលផ្តោតការផ្តល់សេវាលើ សុខភាពស្ត្រី បុរស និងយុវវ័យ។ អតិថិជនដែលមកគ្លីនិករបស់យើងមាន ដូចជា៖
- ស្ត្រីក្នុងវ័យបន្តពូជ (ស្ត្រីមេផ្ទះ បុគ្គលិកការិយាល័យ កម្មកររោងចក្រ ស្ត្រីដែលធ្វើការក្នុងគ្រឹះស្ថានកម្សាន្ត អ្នកប្តូរភេទ ជាដើម)
- ស្រ្តីអស់រដូវ
- យុវវ័យ (សិស្ស និសិត្ស និងយុវវ័យទូទៅ)
- បុរស (ដៃគូរបស់ស្រ្តីដែលបានមកគ្លីនិក និងបុរសទូទៅ)។
ក្នុងចំណោមអតិថិជនគ្លីនិកទាំងអស់ មាន ៨៥% ជាស្ត្រី, ជាង ១០% ជាបុរស, និង ២–៣% គឺជាបុគ្គលដែលមានលក្ខណៈភេទផ្សេងៗ។ បច្ចុប្បន្ន យើងមានគ្លីនិកចំនួន ១៥ នៅរាជធានីភ្នំពេញ និងនៅទីរួមខេត្តបាត់ដំបង សៀមរាប កំពង់ចាម កំពង់ស្ពឺ កំពត តាកែវ និងព្រះសីហនុ។
បុគ្គលិកគ្លីនិករ៉ាក់ទាំងអស់ប្តេជ្ញាចិត្តផ្តល់សេវា ដើម្បីឲ្យគ្លីនិករ៉ាក់ក្លាយជាទីកន្លែងដ៏ល្អបំផុតមួយ ដែលស្ត្រី បុរស យុវវ័យ និងបុគ្គលដែលមានលក្ខណៈភេទផ្សេងៗ អាចទទួលបានសេវាកម្ម និងព័ត៌មានសុខភាពផ្លូវភេទ និងសុខភាពបន្តពូជប្រកបដោយ ឯកជនភាព សុវត្ថិភាព និងគុណភាពខ្ពស់។
នៅអំឡុងឆ្នាំ ១៩៩០ ស្រ្តីមានការលំបាកក្នុងការរកកន្លែងព្យាបាលនិងថែទាំសុខភាព ដោយសារកង្វះទីតាំងសុខាភិបាលគ្រប់គ្រាន់ កង្វះបុគ្គលិកសុខាភិបាលដែលមានជំនាញគ្រប់គ្រាន់ ក្នុងការពិភាក្សាអំពីបញ្ហាឯកជនផ្ទាល់ខ្លួនរបស់ស្រ្តី ក៏ដូចជារោគស្រ្តី។ ការប្រើប្រាស់មធ្យោបាយពន្យារកំណើតមានកម្រិតទាប ដោយសារស្រ្តីពុំបានទទួលព័ត៌មានគ្រប់គ្រាន់ និងមិនមានសេវាគ្រប់គ្រាន់។ ការថែទាំផ្ទៃពោះនៅមានកម្រិតទាប ការឆ្លងរោគតាមផ្លូវបន្តពូជមានអត្រាខ្ពស់ ក៏ដូចជាជំងឺអេដស៍ ការរំលូតមិនមានសុវត្ថិភាពមានអត្រាខ្ពស់។ អត្រាមរណភាពរបស់មាតាក៏ខ្ពស់ដែរ។
ដោយមើលឃើញស្ថានភាពលំបាកដែលកើតមាន គ្លីនិករ៉ាក់ត្រូវបានបង្កើតក្នុងឆ្នាំ ១៩៩៦ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់ស្រ្តី និងយុវវតីឲ្យទទួលបានសេវាសុខភាព ជាពិសេសសុខភាពស្រ្តី សុខភាពផ្លូវភេទ និងបន្តពូជ និងបានពិភាក្សាជាមួយនឹងគ្រូពេទ្យ ដោយរក្សាបាននូវការសម្ងាត់ មានឯកជនភាព មានគុណភាព និងមានតម្លៃសមរម្យសម្រាប់ប្រជាជនទូទៅ។ គ្លីនិករ៉ាក់មានមោទភាពដោយបានប្រជាជនភាគច្រើនទទួលស្គាល់ថាជា គ្លីនិករបស់ប្រជាជនទូទៅ និងជាកន្លែងរបស់យុវវ័យ។