ព័ត៌មាន

ជំងឺមហារីកមាត់ស្បូន

11 Feb, 2026

១. តើជំងឺមហារីកមាត់ស្បូនបណ្តាលមកពីអ្វី?

ភាគច្រើននៃជំងឺមហារីកមាត់ស្បូនមានទំនាក់ទំនងផ្ទាល់ជាមួយនឹងការឆ្លងមេរោគ អេចភីវី (HPV) ពីមុនមក។ ស្ត្រីភាគច្រើនពុំបានដឹងថាខ្លួនធ្លាប់មានឆ្លងមេរោគនេះពីមុនមកទេ ពីព្រោះមេរោគនេះជារឿយៗ ពុំមានបង្កឲ្យមានរោគសញ្ញាទេ។

ប្រការត្រូវចង់ចាំ! មានជំងឺមហារីកមាត់ស្បូនមួយចំនួនដែរដែលកើតឡើងដោយរកមូលហេតុមិនឃើញ ។

២. តើស្ត្រីប្រភេទណាអាចប្រឈមមុខនឹងជំងឺមហារីកមាត់ស្បូន?

ស្ត្រីទាំងអស់ដែលធ្លាប់ឬកំពុងមានការរួមភេទសុទ្ធតែមានការប្រឈមមុខនឹងជំងឺមហារីកមាត់ស្បូន ។

ប្រសិនបើស្ត្រីមានលក្ខណៈណាមួយដូចរៀបរាប់ខាងក្រោមនាងនឹងមានការប្រឈមមុខរឹតតែខ្ពស់៖

     - ស្ត្រីដែលរួមភេទមុនអាយុ២០ឆ្នាំ

     - ស្ត្រីមានដៃគូរួមភេទច្រើន

     - ស្ត្រីដែលមានឬធ្លាប់មានជំងឺកាមរោគ

     - ស្ត្រីដែលមានម្តាយ ឬបងប្អូនស្រីធ្លាប់កើតជំងឺមហារីក

     - ស្ត្រីដែលព្យាបាលជំងឺដោយ ថ្នាំគកទីកូអ៊ីតរយៈពេលយូរ

     - ស្ត្រីដែលមានលទ្ធផល មើលមហារីកពីមុនមិនធម្មតា

     - ស្ត្រីដែលមានប្រវត្តិជក់បារី

     - ស្ត្រីដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ

៣. តើជំងឺមហារីកមាត់ស្បូនមានរោគសញ្ញាដូចម្តេចខ្លះ?

ជាទូទៅនៅតំណាក់កាលដំបូងជំងឺមហារីកមាត់ស្បូនគ្មានរោគសញ្ញាអ្វីទាំងអស់

គឺស្ងៀមស្ងាត់។ តែក្រោយមកអាចមានចេញរោគសញ្ញាដូចជាធ្លាក់ទឹកលឿងៗ មិនធម្មតាពីទ្វារមាស មានធ្លាក់ឈាមក្រោយ ពេលរួមភេទមានធ្លាក់ឈាមដោយ

ឯកឯង នៅចន្លោះរដូវ និងមានការឈឺចាប់នៅផ្នែកក្រោមពោះ។

នៅពេល ចេញរោគសញ្ញាគឺច្រើនតែហួសពេលក្នុងការព្យាបាលឲ្យមានប្រសិទ្ធិភាព។ ដូច្នេះទោះជាគ្មានរោគសញ្ញាអ្វី ក៏ដោយ ក៏ស្ត្រីត្រូវតែទៅពិនិត្យរកមេរោគ អេចភីវី និងរកកោសិកាមហារីកមាត់ស្បូនឱ្យបានយ៉ាងតិចម្តង ក្នុងមួយជីវិតរបស់ពួកគេ។

៤. តើត្រូវពិនិត្យអ្វីខ្លះដើម្បីដឹងថាស្ត្រីមានជំងឺមហារីកមាត់ស្បូន?

ជម្រើសដែលប្រសើរបំផុតនោះគឺ ត្រូវទៅជួបជាមួយគ្រូពេទ្យរោគស្ត្រី ដើម្បីឱ្យគាត់ពិនិត្យមាត់ស្បូន រកការប្រែប្រួលនៃកោសិកាមាត់ស្បូន។ មានវិធីច្រើនក្នុងការស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូន៖

     ១- តេស្តកៀររំអិលមាត់ស្បូនរកមើលមេរោគបង្កអេភីវី

     ២- តេស្តរហ័សរកមើលតំបន់ប្រែប្រួលនៅមាត់ស្បូន (VIA)

     ៣- តេស្តកៀរយករំអិលទៅមើលកោសិកាប្រែប្រួលនៅមាត់ស្បូន (PAP smear)

ស្ត្រីមានសិទ្ធិក្នុងការសម្រេចចិត្តជ្រើសរើសវិធីស្រាវជ្រាវបន្ទាប់ពីបានពិភាក្សាជាមួយគ្រូពេទ្យ។

៥. តើការពិនិត្យមានភាពឈឺចាប់ឬទេ? ហើយផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ស្ត្រី?

ជាទូទៅការពិនិត្យ មាត់ស្បូនមិនមានការឈឺចាប់ទេ។ ស្ត្រីខ្លះមានអារម្មណ៏អួលៗឬផ្សាបន្តិចបន្តួច ក្នុងពេលកំពុងពិនិត្យ បាត់ភ្លាមដោយឯកឯងនៅពេលពិនិត្យរួច។

ប៉ុន្តែការពិនិត្យផ្តល់ប្រយោជន៍ឱ្យស្ត្រី មិនត្រឹមតែអាចរកឃើញរាល់ ការប្រែប្រួលនានានៃកោសិកាមាត់ស្បូនដែលអាចឈានទៅរកមហារីក មាត់ស្បូនប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសឱ្យស្ត្រីអាចទទួលបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ។ ប្រសិនបើ មានការកររោគ ឬ ប្រែប្រួលដំបូង យើងអាចធ្វើការព្យាបាលទប់ស្កាត់មិនឱ្យមានការវិវត្តន៍ទៅរកមហារីក រាលដាល ព្រមទាំងព្យាបាលជំងឺរោគស្ត្រី និង ការកររោគទៅតាមផ្លូវបន្តពូជ ថែមទៀតផង ។

៦. តើត្រូវព្យាបាលដែរឬទេនៅពេលដឹងថា កោសិកាមាត់ស្បូនមានការប្រែប្រួល?

ជំងឺមហារីកមាត់ស្បូនអាចព្យាបាលជាបាន តែនៅក្នុងដំណាក់កាលដំបូង គឺនៅពេលដែលការពិនិត្យ មាត់ស្បូនរកឃើញថាមាន ការប្រែប្រួលកោសិកាមិនធម្មតា ដែលជាសញ្ញាអាចបញ្ជាក់បាន ថាវាអាចវិវត្តទៅជាមហារីកនៅថ្ងៃក្រោយ។ ក្នុងករណីនេះ គ្រូពេទ្យរោគស្ត្រី គឺជាមនុស្សប្រសើរបំផុតសំរាប់ អ្នកក្នុងការពិភាក្សា អំពីការព្យាបាល ។

ប្រការត្រូវចង់ចាំ! ស្ត្រីគួរព្យាបាលភ្លាមក្នុងពេល ដែលលទ្ធផលបង្ហាញពីភាពមិនធម្មតាដោយពុំចាំបាច់ រង់ចាំឡើយ ។

៧. តើធ្វើដូចម្តេចដើម្បីបង្ការជំងឺមហារីកមាត់ស្បូន?

- ចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូន: កាលវិភាគចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនសម្រាប់ក្មេងស្រី អាយុ ៩-១៤ឆ្នាំ ចាក់២ដង។ ចំពោះស្រ្តីដែលមានអាយុពី ១៥ ទៅ ៤៥ ឆ្នាំ គ្រូពេទ្យអាចសម្រេចចាក់វ៉ាក់សាំងបន្ទាប់ពីការធ្វើតេស្ត និងពិនិត្យសុខភាព, ស្រ្តីក្នុងអាយុនេះគឺត្រូវចាក់បីដង។

- ប្រើស្រោមអនាម័យរាល់ពេលរួមភេទ បើអ្នកមានដៃគូរួមភេទច្រើន ឬដៃគូមិនជាប់លាប់។

- ចំពោះស្ត្រីដែលធ្លាប់មានការរួមភេទត្រូវធ្វើការពិនិត្យស្រាវជ្រាវរកមេរោគ អេចភីវី ឬគ្រូពេទ្យពិនិត្យរកមើលការប្រែប្រួលមិនធម្មតានៃមាត់ស្បូន។

ប្រការត្រូវចងចាំ! ស្ត្រីដែលធ្លាប់ឆ្លងកាត់ការរួមភេទ តម្រូវឱ្យធ្វើតេស្តរកមេរោគអេចភីវី ឬកោសិកាប្រែប្រួល ជាមុនសិន មុននឹងចាក់វ៉ាក់សាំងការពារ ស្ត្រីគួរតមការលូកលាងទៅក្នុងទ្វារមាស ឬប្រើសំឡី ឬ ថ្នាំញាត់ចូលក្នុងទ្វារមាស ឬ រួមភេទក្នុងអំឡុង៣ថ្ងៃមុនពេលពិនិត្យ។

 

ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៦

ដោយវេជ្ជបណ្ឌិត វ៉ា ជីវ័ន

 

Messenger