ព័ត៌មាន

ចំណេះដឹងសម្រាប់បុរស ស្រ្តី មុនរៀបអាពាហ៍ពិពាហ៍ និង មុនមានផ្ទៃពោះ

16 Feb, 2026

អត្ថបទខាងក្រោមនឹងផ្តល់ចំណេះដឹងមូលដ្ឋានអំពីសុខភាពបន្តពូជ និងផ្លូវភេទជូនដល់ យុវជន យុវតី បុរស ស្រ្តី ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ និងសម្រាប់គូរស្រករដែលមានបំណងមានផ្ទៃពោះ។ អត្ថបទនេះជាជំនួយក្នុងការរៀបចំផែនការកសាងគ្រួសារមួយប្រកបដោយ ការទទួលខុសត្រូវ និងដើម្បីសុខភាពមាតា និងទារក។
១. តើអ្នកបានត្រៀមខ្លួនរៀបអាពាហ៍ពិពាហ៍ហើយឬនៅ?
អ្នកត្រូវត្រៀមខ្លួនជាស្រេចថា យើងមានចំណេះដឹងល្មមអាចប្រកបរបរចិញ្ចឹមខ្លួនឯងបាន និងមានចំណេះដឹងស្តីពីការទទួលខុសត្រូវក្នុងគ្រួសារនិងការស្វែងយល់ពីដៃគូខ្លួនឲ្យបានច្បាស់   លាស់។ អ្នកត្រូវប្រាកដថា អ្នកទាំងពីរមិនមានជំងឺកាមរោគ ឬអេដស៍ពីមុនមកទេ និងជំងឺដទៃទៀតដែលអាចប៉ះពាលដល់សុខភាពរបស់ខ្លួន និងផ្ទៃពោះ ឬកូន។ ដូច្នេះ មុនពេលរៀបការ ឬមុនពេលមានបំណងមានផ្ទៃពោះ អ្នកត្រូវនាំដៃគូទៅពិនិត្យសុខភាព និងទទួលបានការប្រឹក្សាយោបល់ក្នុងការកសាងគ្រួសារមួយប្រកបដោយសុខភាព និងមានផែនការច្បាស់លាស់។
២.បន្ទាប់ពីអ្នកសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ហើយ អ្នកនិងដៃគូគប្បីស្វែងយល់អំពី៖
          បន្ទាប់ពីអ្នកសម្រេចចិត្តរៀបអាពាហ៍ពីពាហ៍ ឬសម្រេចចិត្តថាមានផ្ទៃពោះ អ្នកត្រូវស្វែងយល់អំពីការពន្យារកំណើត ជំងឺឆ្លងនានាជាពិសេសជំងឺកាមរោគ តួនាទីរួមរបស់ប្តីនិងប្រពន្ធនៅក្នុងគ្រួសារ ក៏ដូចជាស្វែងយល់អំពីយេនឌ័រ ដើម្បីធ្វើអោយជីវិតអាពាហ៍ពិពាហ៍របស់អ្នកមានសុភមង្គល និងមានសុខភាពល្អ។
២.១. អ្វីទៅជាការពន្យារកំណើត?
- ការពន្យារកំណើតគឺជាការជ្រើសរើសចំនួនកូនក្នុងគ្រួសារនិងជាការពន្យារពេលពីកំណើត កូនមួយទៅកូនមួយទៀតទៅតាមបំណងប្រាថ្នារបស់យើងដោយមិនមានការបង្ខិតបង្ខំ។
-         គូស្វាមីភរិយាគ្រប់រូបមានសិទ្ធិក្នុងការសម្រេចចិត្តដោយសេរីលើចំនួនកូន ពេលវេលា នៃការមានកូន និងការពន្យារកំណើតរបស់ខ្លួន។ ការពន្យារកំណើត ជាការទទួល ខុសត្រូវរបស់ស្វាមី និងភរិយា។
-         ការពន្យារកំណើតធ្វើឱ្យសុខភាពម្តាយល្អនិងមានពេលពង្រឹងកម្លាំងឡើងវិញបន្ទាប់ពី សម្រាល។ ម្តាយមិនសូវមានបញ្ហាក្នុងពេលមានគភ៌ និងពេលសម្រាលកូនក្រោយៗ។ ទារកមានសុខភាពល្អ ព្រោះបៅដោះបានយូរ។ និងឪពុកម្តាយមានជីវភាពល្អប្រសើរនិង មានពេលថែទាំកូនបានល្អ។
មានមធ្យោបាយពន្យារកំណើតជាច្រើនដែលអាចរកបាននៅក្នុងប្រទេសខ្មែរ ដូចជាថ្នាំគ្រាប់ ថ្នាំចាក់ ស្រោមអនាម័យ កងដាក់ស្បូន កងដាក់ដៃ ។ ដៃគូរខ្លះជ្រើសរើសមធ្យោបាយតាមប្រតិទិន ។ មានមធ្យោបាយពន្យារកំណើតខ្លះទៀត (អាចជាថ្នាំគ្រាប់ អាចជាកងដាក់ស្បូន) អាចការពារផ្ទៃពោះបានចំពោះអ្នកដែលរួមភេទមិនបានព្រៀងទុក យើងហៅមធ្យោយបាយនេះថា មធ្យោបាយពន្យារកំណើតបន្ទាន់ដែលវាមានប្រសិទ្ធិភាពការពារការមានផ្ទៃពោះក្នុងអំឡុងពេលចាប់ពីរួមភេទ រហូតដល់ ៧២ម៉ោងក្រោយរួមភេទ។
មានមធ្យោបាយខ្លះទៀតគឺជាការបញ្ឈប់កំណើតរហូត គឺលែងមានកូនរហូត។ មធ្យោបាយទាំងនេះមានដូចជាការចងដៃស្បូន និងការចងបំពង់បង្ហួរមេជីវិតបុរស ។ មធ្យោបាយទាំងនេះ អាចអនុវត្តបានតែចំពោះគូស្វាមីភរិយាណាដែលមានកូនគ្រប់ចំនួន ហើយលែងចង់បានកូនជា រៀងរហូតប៉ុណ្ណោះ។
២.២ អ្វីទៅជាជំងឺកាមរោគ និងអេដស៍?
ជំងឺកាមរោគនិងអេដស៍គឺជាជំងឺដែលឆ្លងតាមការរួមភេទដោយមិនបានប្រើស្រោមអនាម័យត្រឹមត្រូវជាមួយអ្នកដែលមានផ្ទុកជំងឺកាមរោគ និងអេដស៍។
ក. ការចម្លង
ការចម្លងកើតឡើងនៅពេលដែលអ្នករួមភេទជាមួយអ្នកមានមេរោគដោយមិនប្រើស្រោម ឬប្រើស្រោមមិនបានត្រឹមត្រូវ, ឆ្លងតាមឈាម, ការប្រើម្ជុលសឺរ៉ាំងរួមគ្នា, ឆ្លងពីម្តាយទៅកូននៅ ពេលមានផ្ទៃពោះ ពេលសម្រាល និងឆ្លងពេលបំបៅដោះកូន។ គួរកត់សំគាល់ថា រាល់ការកររោគនៅផ្លូវបន្តពូជ មិនមែនសុទ្ធតែឆ្លងតាមការរួមរ័កទេ វាក៏មិនមែនជាជំងឺកាមរោគទាំងអស់ដែរ។
ខ. តើជំងឺកាមរោគបង្កផលវិបាកដូចម្តេចខ្លះ?
ស្ត្រី៖

-         រលាកអាងត្រគាក (ឈឺពោះរាំរ៉ៃ)
-         ងាយឆ្លងកាមរោគផ្សេងៗទៀត
-         គ្មានកូន (អារ)
-         មហារីកមាត់ស្បូន
-         បើមានផ្ទៃពោះអាចឱ្យរលូតកូន កូនស្លាប់ក្នុងពោះ បែកទឹកភ្លោះមុនកំណត់ កូនកើតមិន គ្រប់លក្ខណៈ កូនមានជំងឺប្រចាំកាយ ។
បុរស៖
-         រលាកបង្ហូរនោម (នោមឈឺរ៉ាំរ៉ៃ)
-         ងាយឆ្លងរោគ កាមរោគផ្សេងទៀត
-         គ្មានកូន (អារ)
ប្រការត្រូវចងចាំ! ភាគច្រើន ក្រោយពីឆ្លងជំងឺកាមរោគ អ្នកជំងឺគ្មានរោគសញ្ញាទេ! ដូច្នេះ យើងត្រូវបង្ការជំងឺនេះកុំឲ្យឆ្លងបាន និងត្រូវទៅជួបគ្រូពេទ្យប្រសិនបើអ្នកសង្ស័យថាបានឆ្លង។
គ. ការបង្ការ
-         ប្រើស្រោមអនាម័យរាល់ពេលរួមភេទជាមួយដៃគូដែលអ្នកមិនស្គាល់ប្រវត្តិច្បាស់
-         ស្នេហ៍ស្មោះតែមួយ
-         កុំចាក់ម្ជុលរួមគ្នា (ឆ្លងតាមឈាម)
-         ពិនិត្យឈាមមុនពេលមានផ្ទៃពោះ។
៣. អ្វីទៅជាការបង្កកំណើត?
ការបង្កកំណើត កើតឡើងក្រោយពីមានការរួមរ័ក ដែលពេលនោះមេជីវិតឈ្មោលដែល មាននៅក្នុងទឹកកាមបុរសបានធ្វើដំណើរនៅក្នុងស្បូន ហើយបានជ្រៀតចូលទៅក្នុងមេជីវិតញីដែលខ្ជាក់ដោយកន្សោមពងរបស់ស្ត្រី។ កន្សោមពងស្ត្រីខ្ជាក់មេជីវិតញីតែម្តងគត់ក្នុង១វដ្តរដូវរបស់ស្ត្រី ជាទូទៅនៅ ១៤ថ្ងៃ មុនថ្ងៃ មករដូវបន្ទាប់ (ខែក្រោយ) ។ ការរួមភេទនៅម្តុំប៉ុន្មានថ្ងៃនៃការខ្ជាក់មេជីវិតញី អាចបង្កការមានផ្ទៃពោះបាន។ ការបង្កកំណើតមិនមែនកើតមានរៀងរាល់ពេលនៃការ រួមភេទទេ។
៤- ដូចម្តេចដែលហៅថាការមានផ្ទៃពោះ?
ការបង្កកំណើត ធ្វើឡើងនៅ១ភាគ៣ខាងក្រៅនៃដៃស្បូន បន្ទាប់មក ពងបង្កកំណើត នោះនឹងធ្វើដំណើរមកតាំងទីនៅក្នុងស្បូនដែលគេហៅថា ការមានផ្ទៃពោះ។ ការស្វែងយល់ពី ការថែទាំផ្ទៃពោះ មិនមែនជាភារកិច្ចរបស់ស្ត្រីតែម្នាក់ឯងនោះទេ!
ក. សញ្ញានៃការមានផ្ទៃពោះ
-         បាត់រដូវ
-         ដោះឡើងតឹង (ឈឺដោះ) ក្អួតចង្អោរ
-         អស់កម្លាំង មានអារម្មណ៍ផ្លាស់ប្តូរ
-         ធុំចំណីអាហារ ប្រែប្រួលទម្ងន់ និងនោមញឹក
នៅពេលមានសញ្ញាបែបនេះ៖ គូស្វាមីភរិយាគួរទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ មណ្ឌល សុខភាព ឬគ្លីនិក រ៉ាក់ ដើម្បីឱ្យដឹងច្បាស់ថាមានផ្ទៃពោះពិតឬទេ ឬក៏ទិញតេស្តទឹកនោមពិនិត្យមើលថាតើមានផ្ទៃពោះឬទេ ។ ប្រសិនបើមានផ្ទៃពោះ សូមអ្នកទៅជួបគ្រូពេទ្យដើម្បីទទួលបាន ការណែនាំស្តីពីរបៀបថែទាំផ្ទៃពោះ និងការពិនិត្យសុខភាពនានាដើម្បីតាមដានសុខភាពមាតា និងទារកក្នុងផ្ទៃ។
ខ. សុវត្ថិភាពក្នុងពេលមានផ្ទៃពោះ
ក្នុងពេលមានផ្ទៃពោះ ស្ត្រីគប្បីទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ដើម្បីស្រាវជ្រាវរកការ ប្រឈមមុខ និងរោគសញ្ញាដំបូងនៃជំងឺដែលអាចឱ្យគ្រោះថ្នាក់ដល់មាតា ឬទារកប្រសិនបើគេមិន បានរកឱ្យឃើញ។ ផលវិបាកដែលអាចកើតមានក្នុងពេលមានផ្ទៃពោះរួមមាន៖
-         ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ                       
-         ចាញ់កូនធ្ងន់ធ្ងរ
-         លើសឈាម                                 
-         បំរុងក្រឡាភ្លើង
-         ជំងឺបេះដូង                                  
-         ជំងឺស្លេកស្លាំង
-         កូនស្លាប់ក្នុងពោះ                      
-         រលូតកូន
-         កូនពង                                  
-         សុកពាំងមាត់ស្បូន
-         ការកររោគ                              
-         ការលូតលាស់របស់ទារកយឺតយ៉ាវ ។ល។
គ្លីនិករ៉ាក់ មានសេវាថែទាំផ្ទៃពោះមុនសម្រាល និងក្រោយសម្រាល
៥. ការរំលូតសុវត្ថិភាព
ប្រសិនបើអ្នកមានផ្ទៃពោះមិនតាមប្រាថ្នា ហើយសម្រេចចិត្តធ្វើការរំលូត អ្នកគប្បី ទៅពិភាក្សាជាមួយ គ្រូពេទ្យដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវលើជំនាញរំលូត សុវត្ថិភាព។ ការរំលូតដោយអ្នកគ្មានជំនាញអាចផ្តល់គ្រោះថ្នាក់ជាច្រើនដូចជា៖
-         ធ្លាក់ឈាមខ្លាំង-យូរ
-         របួសមាត់ស្បូន
-         សល់បំណែកនៃសុក
-         ការបង្ករោគក្រោយរំលូត ។ល ។
ប្រការត្រូវចងចាំ! គ្លីនិករ៉ាក់មានផ្តល់សេវារំលូតសុវត្ថិភាព និងសេវាថែទាំក្រោយរំលូត ។
៦. អ្វីទៅសុខភាពផ្លូវភេទ?
សុខភាពផ្លូវភេទ កើតឡើងដោយសារការយល់ចិត្តគ្នា និងព្រមព្រៀងគ្នា បំពេញចំណង់ ផ្លូវភេទឱ្យគ្នាទៅវិញទៅមក និងមានការទុកចិត្តថាគ្មានផ្ទៃពោះដែលមិនចង់បាន និងគ្មានការ ឆ្លងជំងឺ។ សុខភាពផ្លូវភេទ ក៏សំដៅលើការគោរពក្នុងការទំនាក់ទំនង ភាពរីករាយនិងពេញចិត្តក្នុងទំនាក់ទំនងផ្លូវភេទ មានសុវត្ថិភាព និងមិនមានការបង្ខិតបង្ខំ ការបៀតបៀន និងអំពើហឹង្សាក្នុងទំនាក់ទំនង។ គឺជាការសុខកាយ (មិនមានជំងឺ) ការសប្បាយចិត្ត និងមានសុវត្ថិភាព។
ដើម្បីទទួលបានសុខភាពផ្លូវភេទ បុរសស្ត្រីត្រូវ៖
-         ជ្រើសរើសដៃគូរួមភេទឱ្យសមតាមបំណង ចរចារគ្នាថាគួររួមភេទនៅពេលណា និងដោយរបៀបណា?
-         ស្វែងយល់ពីតម្រូវការផ្លូវភេទរបស់ដៃគូរបស់ខ្លួន ហើយធ្វើការបំពេញ និងឆ្លើយតបឱ្យគ្នាទៅវិញទៅមក ដើម្បីសម្រេចនូវភាពរីករាយនិងពេញចិត្ត។
-         ធ្វើការជ្រើសរើសថាបើចង់បានកូន គួរមាននៅពេលណា?
- ប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវប្រសិនបើអ្នករួមភេទជាមួយអ្នកដែលមិនមែនជាដៃគូជីវិតច្បាស់លាស់។ ប៉ុន្តែអ្វីដែលសុវត្ថិភាពបំផុតនោះគឺ មានស្នេហ៍ស្មោះតែ១។
-         ជៀសវាងការរំលោភផ្លូវភេទ ការប្រើអំពើហឹង្សាលើរាងកាយនិងការបង្ខំផ្លូវចិត្តនិងផ្លូវកាយ។
៧. ចំណេះដឹងពីយេនឌ័រ
យេនឌ័រគឺភាពជាបុរស ឬស្ត្រីដែលកំណត់ដោយសង្គមនិមួយៗ និងដោយវប្បធម៌ ប្រពៃណីយ៍ ដែលការកំណត់នេះអាចផ្លាស់ប្តូរតាមពេលវេលា។ ឧទាហរណ៍ សង្គមខ្មែរយើងគិតថាស្រ្តីដែលល្អគឺជាស្រ្តីដែលត្រូវចេះធ្វើការផ្ទះនិងមើលកូនចៅ ចំណែកបុរស សង្គមខ្មែរយើងគិតថាត្រូវតែចេះរកថវិការឬធ្វើការចិញ្ចឹមគ្រួសារ។ ការណ៍ដែលសង្គមដាក់សម្ពាធមកលើបុគ្គលជាភេទស្រ្តី ឬប្រុសអាចនឹងនាំមកនូវភាពមិនស្មើគ្នារវាងយេនឌ័រ និងបង្កឱ្យមានការកៀបសង្កត់ទៅលើភេទណាមួយ (ជាពិសេសស្រ្តីភេទ) និងអាចបង្កឲ្យមានអំពើហិង្សាផ្លូវចិត្ត ផ្លូវកាយ ផ្លូវហិរញ្ញវត្ថុនៅក្នុងគ្រួសារ។
ដើម្បីចៀសផុតពីបញ្ហានេះ យើងទាំងអស់គ្នាគាប្បីរួមគ្នាលុបបំបាត់ជំនឿដែលថាកិច្ចការនេះជារបស់ស្រ្តី កិច្ចការនេះជារបស់បុរស។ កិច្ចការអ្វីក៏ដោយ រួមទាំងការងារក្នុងផ្ទះគឺជាកិច្ចការរបស់មនុស្សគ្រប់រូបដោយមិនប្រកាន់ភេទ ។ ការគោរពមតិ និងការជួយគ្នាទៅវិញទៅមកដោយមិនប្រកាន់យេនឌ័រនឹងនាំមកនូវសុភមង្គលគ្រួសារ។
ប្រការត្រូវចងចាំ! គ្លីនិករ៉ាក់ផ្តល់សេវាពិគ្រោះ និងថែទាំជនរងគ្រោះ ដែលត្រូវរំលោភបំពានដោយ ហិង្សាក្នុងគ្រួសារ។
៨. តើត្រូវទទួលខុសត្រូវយ៉ាងដូចម្តេចក្នុងគ្រួសារ?
បុរសស្ត្រីមានតម្រូវការសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដូចគ្នាដូច្នេះស្វាមីភរិយាត្រូវ យល់ដឹងពីតម្រូវការសុខភាពផ្លូវភេទ និងសុខទុក្ខរបស់គ្នាទៅវិញទៅមក។ ស្វាមី ភរិយាគួរពិភាក្សា និងធ្វើការសម្រេចចិត្តក្នុងការរៀបចំផែនការគ្រួសារជាមួយគ្នា។ ស្វាមី ភរិយាអាចដឹកនាំគ្រួសារ រកប្រាក់ចំណូល មើលថែទាំកូន និងផ្ទះសំបែងជាមួយគ្នា។

បច្ចុប្បន្នភាព នៅថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ ២០២៦
ដោយវេជ្ជបណ្ឌិត វ៉ា ជីវ័ន

Messenger